EVENTS


បន្ទាប់ពី Huawei ពេលនេះក្រុមហ៊ុនចិន ២ ទៀតអាចនឹងត្រូវដាក់ចូលទៅក្នុងបញ្ជីខ្មៅរបស់លោក Trump

ក្រោយពីធ្វើការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុ​​នទូរស័ព្ទដ៏ធំរបស់ចិន Huawei មិនឲ្យធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនរបស់ខ្លួន ពេលនេះរដ្ឋបាលលោក Donald Trump បាននឹងកំពុងពិចារណាទៅលើការដាក់ក្រុមហ៊ុនចិនដ៏ធំចំនួនពីរទៀតចូលទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន។ នេះបើយោងតាមការដកស្រង់ពីសារព័ត៌មាន Reuter កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩។

ក្នុងនោះក្រុមហ៊ុនដែលកំពុងស្ថិតក្រោមការពិចារណារបស់រដ្ឋបាលលោក Trump រួមមាន ក្រុមហ៊ុន Hikvision និង ក្រុមហ៊ុន Dahua ដែលសុទ្ធសឹងជាក្រុមហ៊ុនលំដាប់កំពូលលើពិភពលោក។ តួយ៉ាងដូចជាក្រុមហ៊ុន​ Hikvision គឺជាក្រុមហ៊ុនដែលផលិតកាមេរ៉ាសុវត្ដិភាពធំជាងគេបង្អស់លើលោក ចំណែកក្រុមហ៊ុន Dahua ក៏ជាក្រុមហ៊ុនដែលផលិតកាមេរ៉ាសុវត្ដិភាពធំជាងគេលំដាប់ទី២បន្ទាប់ពីក្រុមហ៊ុន Hikvision ផងដែរ ហើយក្រៅពីនេះក៏មានក្រុមហ៊ុនជាច្រើនផ្សេងទៀតដែលមិនស្គាល់អត្ដសញ្ញាណក៏ស្ថិតក្នុងការដាក់ចូលទៅក្នុងបញ្ជីខ្មៅនេះ។

ចំពោះការពិចារណាក្នុងការដាក់ក្រុមហ៊ុនទាំងពីរចូលក្នុងបញ្ជីខ្មៅនេះគឺក្រោមហេតុផលដូចគ្នាទៅនឹងក្រុមហ៊ុន Huawei ផងដែរ។ ហើយបើសិនទណ្ឌកម្មខាងលើត្រូវបានអនុវត្ដន៍ អាមេរិកអាចនឹងបញ្ជាឲ្យក្រុមហ៊ុនខ្លួន បញ្ឈប់ការផ្គត់ផ្គង់គ្រឿងផ្សំផ្សេងៗ ដល់ក្រុមហ៊ុនទាំងនេះ ក្នុងការផលិតផលិតផលរបស់ពួកគេ។ យ៉ាងណាក៏ដោយនាយកប្រតិបត្តិរបស់ Hikvision បាននិយាយថា ទោះបីជាសហរដ្ឋអាមេរិកឈប់លក់វាឱ្យខ្លួនក៏ដោយ ក៏ខ្លួនអាចដោះស្រាយបញ្ហានេះតាមរយៈអ្នកផ្គត់ផ្គង់ផ្សេងទៀត។

គួរជម្រាបផងដែរថា ក្រុមហ៊ុន Hikvision មានតម្លៃទីផ្សារប្រមាណ ៣៧ ពាន់លានដុល្លារអាមេរិក ហើយនៅក្នុងនោះ ភាគហ៊ុន ៤២% នៃភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុនស្ថិតនៅក្រោមការគ្រប់គ្រង់ដោយក្រុមហ៊ុនរដ្ឋ។ ហើយចំពោះបញ្ហានេះវាអាចនឹងធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចនឹងកាន់តែកើនកម្ដៅថែមទៀត៕

អត្ថបទដោយ៖ កឹម ប៊ុនធឿន